ព្រះត្រៃបិដក ភាគ ១០
[២៦៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យគេដកសក់ស្កូវ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេដកសក់ស្កូវទេ ភិក្ខុណាឲ្យគេដក ត្រូវអាបត្តិទុក្កដ។
[២៦៧] សម័យនោះឯង ភិក្ខុមួយរូបមានត្រចៀកថ្លង់ ដោយអាចម៍ត្រចៀក។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចង្កៀលអាចម៍ត្រចៀក។
[២៦៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ចង្កៀលអាចម៍ត្រចៀកខ្ពស់និងទាប (មិនរាបសា) គឺធ្វើដោយមាសខ្លះ ដោយប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ចង្កៀលអាចម៍ត្រចៀកខ្ពស់ និងទាប (មិនរាបសា)ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ
ID: 636799891260727077
ទៅកាន់ទំព័រ៖