ព្រះត្រៃបិដក ភាគ ១០
តថាគតអនុញ្ញាតចង្កៀលអាចម៍ត្រចៀក ដែលធ្វើដោយឆ្អឹង ភ្លុក ស្នែង បបុស ឫស្សី ឈើ ជ័រឈើ ផ្លែឈើ លោហជាតិ គូថស័ង្ខ។
[២៦៩] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសន្សំទុកដាក់គ្រឿងលោហជាតិ និងសំរិទ្ធជាច្រើន។ មនុស្សទាំងឡាយ ដើរទៅកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើពួកសមណសក្យបុត្តិយ៍ សន្សំទុកដាក់គ្រឿងលោហជាតិ និងគ្រឿងសំរិទ្ធ ដូចពួកអ្នកជួញសំរិទ្ធសោះ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសន្សំទុកដាក់គ្រឿងលោហជាតិ និងសំរិទ្ធទេ ភិក្ខុណាសន្សំទុកដាក់ ត្រូវអាបត្តិទុក្កដ។
[២៧០] សម័យនោះឯង ពួកភិក្ខុរង្កៀសនឹងកិច្ចសព្វបើគ្រាន់តែចងបំពង់ថ្នាំភ្នែកខ្លះ (គឺចងចង្កំ) ចង្កឹះបំពង់ថ្នាំភ្នែកខ្លះ ចង្កៀលអាចម៍ត្រចៀកខ្លះ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតត្រឹមតែការចងបំពង់ថ្នាំភ្នែក ចង្កឹះបំពង់ថ្នាំភ្នែក ចង្កៀលអាចម៍ត្រចៀកបាន។
ID: 636799891649259299
ទៅកាន់ទំព័រ៖