ព្រះត្រៃបិដក ភាគ ១០
[២៧១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុអង្គុយត្របោមក្បាលជង្គង់ទាំងសង្ឃាដិ។ ផ្នត់សង្ឃាដិក៏ទក់ខូចអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវអង្គុយត្របោមក្បាលជង្គង់ទាំងសង្ឃាដិទេ ភិក្ខុណាអង្គុយ ត្រូវអាបត្តិទុក្កដ។
[២៧២] សម័យនោះឯង ភិក្ខុ១រូបមានជម្ងឺ។ ភិក្ខុនោះ តែវៀរលែងសំពត់អាយោគចេញ ក៏មិនបានសេចក្តីសប្បាយកាយ។បេ។ ទើបពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់អាយោគ។ ទើបភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា សំពត់អាយោគ យើងរាល់គ្នា គប្បីដឹងដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្តារមូរ ធ្មេញឈើ ខ្សែសម្រាប់រឹត ចន្ទាល់ និងប្រដាប់តម្បាញទាំងអស់។
[២៧៣] សម័យនោះឯង ភិក្ខុ១រូប មិនមានកាយពន្ធ គឺវត្ថពន្ធចង្កេះ ចូលទៅបិណ្ឌបាត ក្នុងស្រុក។ ស្បង់របស់ភិក្ខុនោះ របូតចុះក្នុងច្រកផ្លូវ។
ID: 636799891971717743
ទៅកាន់ទំព័រ៖