ព្រះត្រៃបិដក ភាគ ១០

ទោស​ក្នុង​ការ​មិន​ទំពា​ឈើស្ទន់​ ​មាន៥ប្រការ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​ក្នុង​ការ​ទំពា​ឈើស្ទន់​នេះ​ ​មាន៥ប្រការ​ ​គឺ​នាំឲ្យមាន​កំលាំង​ភ្នែក១​ ​មាត់​មិន​មាន​ក្លិនស្អុយ១​ ​សរសៃ​សម្រាប់​នាំ​រស​បរិសុទ្ធ១​ ​ប្រមាត់​ ​និង​ស្លេស្ម​ ​មិន​រួបរឹត​បាយ១​ ​ភិក្ខុ​នោះ​ឆ្ងាញ់​បាយ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​ក្នុង​ការ​ទំពា​ឈើស្ទន់​ ​មាន៥ប្រការ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឈើស្ទន់​។​
 [​២៨៤​]​ ​សម័យ​នោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទំពា​ឈើស្ទន់​វែង​ ​ហើយ​គោះ​ ​វាយ​សាមណេរ​ ​ដោយ​ឈើស្ទន់​នោះ​ឯង​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទំពា​ឈើស្ទន់​វែង​ទេ​ ​ភិក្ខុ​ណា​ទំពា​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឈើស្ទន់​យ៉ាង​វែង​ ​ត្រឹម៨​(​១​)​ ​ធ្នាប់​ ​តែថា​ ​កុំ​គោះ​វាយ​សាមណេរ​ ​ដោយ​ឈើស្ទន់​នោះ​ឡើយ​ ​ភិក្ខុ​ណា​គោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។
​(​១​)​ ​អដ្ឋកថា​ ​ពន្យល់​ថា​ ​ឈើស្ទន់​ប្រវែង៨ធ្នាប់​មនុស្ស​ប្រក្រតី​ ​ដីកា​ថា​ ​៨ធ្នាប់​ជាងឈើ​។​ ​ឈើស្ទន់​ប្រវែង៤ធ្នាប់​ ​មានន័យ​ដូចគ្នា​។​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636799896879528454
ទៅកាន់ទំព័រ៖