ព្រះត្រៃបិដក ភាគ ១០
[២៨៥] សម័យនោះឯង ភិក្ខុមួយរូប មានឈើស្ទន់ខ្លីពេក ឈើស្ទន់ ក៏របូតចូលទៅក្នុងបំពង់ក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទំពាឈើស្ទន់ខ្លីពេកទេ ភិក្ខុណាទំពា ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឈើស្ទន់យ៉ាងខ្លីបំផុតត្រឹម៤ធ្នាប់។
[២៨៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដុតព្រៃ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចអ្នកដុតព្រៃ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដុតព្រៃទេ ភិក្ខុណាដុតព្រៃ ត្រូវអាបត្តិទុក្កដ។
[២៨៧] សម័យនោះឯង វិហារទាំងឡាយ ក៏ស្មុកស្មាញដោយស្មៅ។ កាលដែលភ្លើងឆេះព្រៃ (រាលមក) ក៏ឆេះទាំងវិហារផង។ ភិក្ខុទាំងឡាយរង្កៀសនឹងការដុតភ្លើងតទល់គ្នា ដើម្បីនឹងធ្វើសេចក្តីការពារ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើភ្លើងព្រៃឆេះមក តថាគតអនុញ្ញាត ឲ្យដុតភ្លើងតទល់ ដើម្បីនឹងធ្វើសេចក្តីការពារបាន។
ID: 636799897362436074
ទៅកាន់ទំព័រ៖