ព្រះត្រៃបិដក ភាគ ១០
[២៨៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឡើងដើមឈើ ឆ្លងពីដើមឈើមួយ ទៅដើមឈើមួយ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកស្វា។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឡើងដើមឈើទេ ភិក្ខុណាឡើង ត្រូវអាបត្តិទុក្កដ។
[២៨៩] សម័យនោះឯង ភិក្ខុមួយរូប ដើរសំដៅទៅក្រុងសាវត្ថី ក្នុងកោសលជនបទ ក៏មានដំរីដេញព្រេច ពាក់កណ្តាលផ្លូវ។ ទើបភិក្ខុនោះស្ទុះចូលទៅរកដើមឈើ ក៏មានសេចក្តីរង្កៀស មិនហ៊ានឡើងដើមឈើ។ ដំរីនោះ ក៏ហួសទៅទីដទៃ។ គ្រានោះឯង ភិក្ខុនោះទៅដល់ក្រុងសាវត្ថី ប្រាប់ដំណើរនុ៎ះ ដល់ពួកភិក្ខុផងគ្នា។ ពួកភិក្ខុ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានកិច្ចគួរធ្វើ តថាគតអនុញ្ញាតឲ្យឡើងដើមឈើបានត្រឹមមួយជួរបុរស បើមានអន្តរាយ
(១) ឲ្យឡើងកំណត់ត្រឹមណាក៏បាន។
(១) អដ្ឋកថា ពន្យល់ថា ភិក្ខុឃើញម្រឹគសាហាវជាដើមក្តី វង្វេងផ្លូវ ហើយប្រាថ្នានឹងរមិលមើលទិសក្តី ឃើញភ្លើងឆេះក្តី ឃើញទឹកជន់ កំពុងហូរមកក្តី ហើយឡើងដើមឈើខ្ពស់ហួសប្រមាណ ព្រោះអន្តរាយ ដូច្នេះបាន។
ID: 636799897821672341
ទៅកាន់ទំព័រ៖