ព្រះត្រៃបិដក ភាគ ១០
ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆ្នាំងសម្រាប់រងបស្សាវៈ។ ពួកភិក្ខុលំបាកនឹងអង្គុយបន្ទោបង់បស្សាវៈ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ទ្រនាប់ជើងសម្រាប់បន្ទោបង់បស្សាវៈ។ ទ្រនាប់ជើងសម្រាប់បន្ទោបង់បស្សាវៈ នៅទីវាល មិនបិទបាំង។ ពួកភិក្ខុអៀននឹងបន្ទោបង់បស្សាវៈ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបិទបាំងដោយកំពែង ៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ ឆ្នាំងសម្រាប់រងបស្សាវៈ មិនទាន់មានគ្រប ក៏ធុំក្លិនស្អុយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគម្រប។
[៣០០] សម័យនោះឯង ពួកភិក្ខុបន្ទោបង់វច្ចៈ ក្នុងទីពីសពាស ក្នុងអារាម។ អារាមក៏មិនស្អាត។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបន្ទោបង់វច្ចៈ តែក្នុងកន្លែងមួយ។ អារាមក៏ធុំក្លិនស្អុយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរណ្តៅវច្ចៈ។ មាត់រណ្តៅវច្ចៈ ក៏បាក់រលុះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុកខឿន ៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ រណ្តៅវច្ចៈ មានទីដីទាប។ ទឹកក៏លិចកន្លែងនោះ។បេ។
ID: 636799922292151973
ទៅកាន់ទំព័រ៖