ព្រះត្រៃបិដក ភាគ ១០
ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រព្រឹត្តអនាចារផ្សេងៗទេ ភិក្ខុណាប្រព្រឹត្ត វិន័យធរ គប្បីឲ្យភិក្ខុនោះ ធ្វើតាមធម៌។
[៣០៦] សម័យនោះឯង កាលព្រះឧរុវេឡកស្សបមានអាយុ ចូលមកបួសហើយ ក៏មានគ្រឿងលោហៈ គ្រឿងឈើ គ្រឿងដី ជាច្រើន កើតឡើងដល់សង្ឃ។ ពួកភិក្ខុគិតយ៉ាងនេះថា គ្រឿងលោហៈ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតហើយ ឬមិនទាន់អនុញ្ញាតទេ គ្រឿងឈើ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតហើយ ឬមិនទាន់អនុញ្ញាតទេ គ្រឿងដី ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតហើយ ឬមិនទាន់អនុញ្ញាតទេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រឿងលោហៈទាំងពួង វៀរលែងតែ លោហៈ ដែលជាគ្រឿងសម្រាប់ប្រហារ អនុញ្ញាតគ្រែទាំងពួង វៀវលែងតែ អាសនៈកន្លងហួសប្រមាណ ដែលហៅថាអាសន្ទិ អនុញ្ញាតគ្រឿងឈើទាំងពួង វៀវលែងតែបាត្រឈើ និងទ្រនាប់ជើងឈើ អនុញ្ញាតគ្រឿងដីទាំងពួង វៀវលែងតែ គ្រឿងជូតជើង ដែលគេធ្វើជាពក ឲ្យស្រួចៗឡើង មានអាការដូចពកគ្រាប់ផ្លែឈូក និងកុដិធ្វើដោយដីសុទ្ធ (ដូចកុដិធនិយភិក្ខុ)។
ចប់ខុទ្ទកវត្ថុក្ខន្ធកៈ ជាគំរប់៥។
ID: 636799929632711829
ទៅកាន់ទំព័រ៖