ព្រះត្រៃបិដក ភាគ ១០
មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ សង្ឃបានឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ។ ការឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិហើយ (ការឲ្យសតិវិន័យនេះ) សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[១៥] ម្នាលភិក្ខុទាំងឡាយ ការឲ្យសតិវិន័យ
(១) ដែលប្រកបដោយធម៌នេះ មាន៥យ៉ាង គឺឲ្យដល់ភិក្ខុបរិសុទ្ធ មិនមានអាបត្តិ១ ភិក្ខុឯទៀតចោទភិក្ខុនោះ១ ភិក្ខុនោះសូម១ សង្ឃឲ្យសតិវិន័យ ដល់ភិក្ខុនោះ១ សង្ឃព្រមព្រៀងឲ្យ ដោយធម៌១ ម្នាលភិក្ខុទាំងឡាយ ការឲ្យសតិវិន័យប្រកបដោយធម៌ ៥យ៉ាងនេះឯង។
(១) អដ្ឋកថា ថា សតិវិន័យនេះ សង្ឃត្រូវឲ្យតែព្រះខីណាស្រពប៉ុណ្ណោះ មិនត្រូវឲ្យដល់ភិក្ខុឯទៀតទេ ដោយហោចទៅ សូម្បីតែភិក្ខុជាអនាគាមី ក៏មិនត្រូវឲ្យដែរ។ សតិវិន័យនោះ ត្រូវឲ្យដល់ភិក្ខុដែលភិក្ខុដទៃចោទ បើគេមិនចោទ ក៏មិនត្រូវឲ្យដែរ។ កាលបើសង្ឃឲ្យសតិវិន័យហើយ អ្នកចោទ ក៏ចោទមិនឡើងឡើយ។
ID: 636799786817353257
ទៅកាន់ទំព័រ៖