ព្រះត្រៃបិដក ភាគ ១០
កាត់កម្រាលស្មៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទះក្តារសម្រាប់ដេក។ ពួកភិក្ខុឈឺខ្លួន ព្រោះដេកលើបន្ទះក្តារ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែផ្តៅ។
[៣១៩] សម័យនោះឯង គ្រែដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ ដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង។ (តមកទៀត) មានតាំងដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង កើតឡើង(ដល់សង្ឃ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង។
[៣២០] សម័យនោះឯង គ្រែដែលគេបង្ខាំជើង ដោយមេគ្រែ ចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ ដែលគេបង្ខាំជើងដោយមេគ្រែ។ (តមកទៀត) តាំងដែលគេបង្ខាំជើង ដោយមេតាំង កើតឡើង (ដល់សង្ឃ)។
ID: 636799943881816831
ទៅកាន់ទំព័រ៖