ព្រះត្រៃបិដក ភាគ ១០
ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកៅអី។ (តមកទៀត) តាំង ដែលធ្វើពីចំបើង ក៏កើតឡើង។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលធ្វើពីចំបើង។
[៣២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដេកលើគ្រែខ្ពស់។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិកបានឃើញ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំដេកលើគ្រែខ្ពស់ ភិក្ខុណាដេក ត្រូវអាបត្តិទុក្កដ។
[៣២៥] សម័យនោះឯង ភិក្ខុ១រូបដេកលើគ្រែទាប ពស់ក៏ចឹក (ភិក្ខុនោះ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់គ្រែ។
[៣២៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ទ្រនាប់គ្រែខ្ពស់។ ភិក្ខុធ្វើគ្រែឲ្យរញ្ជួយទាំងទ្រនាប់គ្រែ។ មនុស្សទាំងឡាយដើរមកកាន់វិហារចារិក បានឃើញ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា
ID: 636799945813767332
ទៅកាន់ទំព័រ៖