ព្រះត្រៃបិដក ភាគ ១០
។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ទ្រនាប់គ្រែខ្ពស់ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់គ្រែយ៉ាងខ្ពស់ត្រឹម៨ធ្នាប់។
[៣២៧] សម័យនោះឯង អម្បោះកើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកអម្បោះចងប្រទាក់គ្រែ។ ភិក្ខុចងប្រទាក់រាងគ្រែ (ទាំងនោះ) ក៏អស់អម្បោះប្រើ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចោះត្រង់រាងគ្រែ ហើយចងឆ្វាក់ ជាក្រឡាចត្រង្គ។ (តមកទៀត) កំណាត់សំពត់ ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទ្រនាប់។ (តមកទៀត) គ្រឿងសេនាសនៈ ដែលញាត់ដោយប៉ុយ ក៏កើតឡើង (ដល់សង្ឃ)។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជជុះចេញ ហើយធ្វើជាខ្នើយបាន ឯប៉ុយមាន៣យ៉ាង គឺប៉ុយដើមឈើ១ ប៉ុយវល្លិ១ ប៉ុយស្មៅ១។
ID: 636799946118444759
ទៅកាន់ទំព័រ៖