ព្រះត្រៃបិដក ភាគ ១០
[៣៣៥] សម័យនោះឯង ផ្ទៃជញ្ជាំងអាក្រក់ ពណ៌ខ្មៅដិតមិនសព្វ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យពណ៌ខ្មៅដិតស្មើ។ ពណ៌ខ្មៅ ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយដីអាចម៍ជន្លេន ហើយកៀសដោយខ្នៀស ឲ្យពណ៌ខ្មៅដិតស្មើ។ ពណ៌ខ្មៅ ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើ និងទឹកចត់
(១) ។
[៣៣៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យគេគូរគំនូរជារូបស្រី និងរូបបុរស ក្នុងវិហារ។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេគូរគំនូរ ជារូបស្រី និងរូបបុរសទេ ភិក្ខុណាឲ្យគេគូរ ត្រូវអាបត្តិទុក្កដ
(១) អដ្ឋកថា ថា ទឹកចត់សំដៅយកទឹកផ្លែសម៉ ឬផ្លែកន្ទួតព្រៃ។
ID: 636799948024593784
ទៅកាន់ទំព័រ៖