ព្រះត្រៃបិដក ភាគ ១០
តថាគតអនុញ្ញាតឲ្យធ្វើជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងតាមជណ្តើរនោះ ក៏ធ្លាក់មកវិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងឧបដ្ឋានសាលា។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូលហើយលាប ទាំងខាងក្នុង ខាងក្រៅ ហើយបរិកម្មឲ្យមានពណ៌ស ពណ៌ខ្មៅ ពណ៌រង់ គូរគំនូរភ្ញីផ្កា គំនូរភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។
[៣៤៦] សម័យនោះឯង ពួកភិក្ខុហាលចីវរលើដីក្នុងទីវាល។ ចីវរក៏ប្រឡាក់អាចម៍ដី។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើស្នួរចីវរ និងខ្សែស្បៀងក្នុងទីវាល។បេ។ ទឹកសម្រាប់ឆាន់ក៏ក្តៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងសម្រាប់ដាក់ទឹកឆាន់ និងបារាំងសម្រាប់ដាក់ទឹកឆាន់។ រោងសម្រាប់ដាក់ទឹកឆាន់នោះ ក៏មានទីទាប។ ទឹកក៏លិច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនរោងនោះ ក៏រលំ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿន
ID: 636799949998656694
ទៅកាន់ទំព័រ៖