ព្រះត្រៃបិដក ភាគ ១០

ទាំង​ខាងក្នុង​ ​ខាងក្រៅ​ ​លាប​ឲ្យ​មាន​ពណ៌ស​ ​ពណ៌ខ្មៅ​ ​លាប​ដោយ​រង្គ​ ​ធ្វើ​ក្បាច់​ភ្ញីផ្កា​ ​ក្បាច់​ភ្ញីវល្លិ​ ​ក្បាច់​ធ្មេញ​មករ​ ​និង​ក្បាច់​មាន​ស្រទាប់៥​។​ ​អារាម​ ​ក៏​មាន​ភក់ជ្រាំ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក្រាល​ក្រួសរវាន​។​ ​ក្រួស​នោះ​ ​ក៏​មិនបាន​រាបស្មើ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក្រាលកម្រាល​ថ្ម​។​ ​ទឹក​ក៏​ដក់​នៅ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រឡាយ​ទឹក​។​
 [​៣៥០​]​ ​សម័យ​នោះ​ឯង​ ​ព្រះបាទ​ពិម្ពិសារ​មា​គ​ធ​សេនិយ​រាជ​ ​ទ្រង់​មានបំណង​ឲ្យ​គេ​សាង​ប្រាសាទ​ ​លាប​ដោយ​បាយអ​ ​ដើម្បី​ប្រយោជន៍​ដល់​សង្ឃ​។​ ​វេលា​នោះ​ ​ពួក​ភិក្ខុ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​គ្រឿង​សម្រាប់​ប្រក់​ ​ព្រះមានព្រះភាគ​ ​បាន​អនុញ្ញាត​ហើយ​ឬ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​គ្រឿង​ប្រក់៥យ៉ាង​ ​គឺ​ប្រក់​ដោយ​ឥដ្ឋ១​ ​ប្រក់​ដោយ​ថ្ម១​ ​ប្រក់​ដោយ​បាយអ១​ ​ប្រក់​ដោយ​ស្មៅ១​ ​ប្រក់​ដោយ​ស្លឹកឈើ១​។​

​ចប់​ភាណវារៈ​ ​ជាបឋម​។​

ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636799951729135672
ទៅកាន់ទំព័រ៖