ព្រះត្រៃបិដក ភាគ ១០

ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ ​ទាន់​ក្នុង​ពេលនេះ​បាន​ដែរ​ឬ​។​ ​រាជ​គហ​សេដ្ឋី​តប​ថា​ ​ម្នាល​គហបតិ​ ​កាល​នេះ​ ​ជា​កាលមិនគួរ​ ​ដើម្បីនឹង​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ទាន់​ក្នុង​ពេលនេះ​ទេ​ ​ចាំ​ដល់​វេលា​ថ្ងៃស្អែក​ ​សឹម​អ្នក​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ ​ទើប​គួរ​។​
 ​[​៣៥៥​]​ ​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតិ​គិតថា​ ​ឥឡូវនេះ​ ​វេលា​ថ្ងៃ​ ​ស្អែកនេះ​ ​អញ​នឹង​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ ​ទើប​គួរ​ ​គិត​ហើយ​ ​ក៏​ដំ​កល់​ស្មារតី​ ​ចំពោះ​ទៅ​រក​ព្រះពុទ្ធ​ជា​អារម្មណ៍​ ​ហើយក៏​ដេក​ទៅ​ ​ក៏​ក្នុង​វេលា​យប់​ ​(​នោះ​)​ ​អនាថបិណ្ឌិក​គហបតិ​ ​ស្មានថា​ភ្លឺ​ហើយ​ ​ក៏​ក្រោក​ឡើង៣ដង​។​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​ចូល​ទៅកាន់​ទ្វារ​សីត​វន​ ​(​ព្រៃ​ត្រជាក់​)​។​ ​ពួក​អមនុស្ស​(​១​)​ ​ក៏​នាំគ្នា​បើកទ្វារ​ឲ្យ​។​ ​កាល​អនាថបិណ្ឌិក​គហបតិ​ ​ចេញផុត​អំពី​នគរ​ហើយ​ ​ពន្លឺ​ក៏​បាត់​ទៅវិញ​។​ ​ស្រាប់តែ​មាន​ងងឹត​កើតឡើង​។​ ​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​និង​ព្រឺរោម​ក៏​កើតឡើង​។​ ​អនាថបិណ្ឌិក​គហបតិ​ ​ចង់​ត្រឡប់​អំពី​ទីនោះ​មកវិញ​។​
​(​១​)​ ​អមនុស្ស​ ​គឺ​ខ្មោច​ ​ឬ​ទេវតា​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636799952993577994
ទៅកាន់ទំព័រ៖