ព្រះត្រៃបិដក ភាគ ១០
ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបទៀបព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ហើយក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គទ្រង់ផ្ទុំស្កល់ស្រួលទេឬ។
[៣៥៩] ព្រះអង្គ ទ្រង់ត្រាស់ថា បុគ្គលណាមានសេចក្តីត្រជាក់ មិនមានកិលេសគ្រឿងសៅហ្មងមិនជាប់នៅក្នុងកាមទាំងឡាយ បុគ្គលនោះ ឈ្មោះថាព្រាហ្មណ៍ អ្នកមានទុក្ខរំលត់ហើយ រមែងដេកនៅជាសុខគ្រប់កាលទាំងពួង។ (មនុស្សណា) កាត់បង់នូវសេចក្តីប្រាថ្នា ក្នុងភពទាំងពួង ហើយនាំបង់នូវសេចក្តីក្រវល់ក្រវាយ ក្នុងហឫទ័យចេញ (មនុស្សនោះ) ឈ្មោះថា ជាអ្នកស្ងប់រម្ងាប់ ដល់ហើយនូវសេចក្តីរម្ងាប់នៃចិត្ត រមែងដេកនៅជាសុខ។
[៣៦០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា ដល់អនាថបិណ្ឌិកគហបតិ។ អនុបុព្វីកថា នោះគឺអ្វីខ្លះ។ អនុបុព្វីកថានោះគឺ ទ្រង់ប្រកាសនូវទានកថា១ សីលកថា១ សគ្គកថា១ កាមាទីនវៈ ដ៏លាមកសៅហ្មង១ និងអានិសង្ស ក្នុងការចេញសាងផ្នួស១។
ID: 636799954339714988
ទៅកាន់ទំព័រ៖