ព្រះត្រៃបិដក ភាគ ១០
[៣៦២] រាជគហសេដ្ឋីបានឮថា អនាថបិណ្ឌិកគហបតិនិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែកដូច្នេះហើយ។ ចំណែកខាងរាជគហសេដ្ឋី បាននិយាយពាក្យនេះ នឹងអនាថបិណ្ឌិកគហបតិថា ម្នាលគហបតិ បានឮថា អ្នកនិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធានដោយវត្ថុសម្រាប់ចាយវាយ (ស្បៀង) ឯណា ម្នាលគហបតិ ខ្ញុំនឹងឲ្យវត្ថុសម្រាប់ចាយវាយនោះដល់អ្នក។ អនាថបិណ្ឌិកគហបតិឆ្លើយថា ម្នាលគហបតិ កុំចុះ ខ្ញុំមានវត្ថុសម្រាប់ចាយវាយ ធ្វើភត្ត ដើម្បីសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។
[៣៦៣] អ្នកនិគមក្រុងរាជគ្រឹះ បានឮដំណឹងច្បាស់ថា អនាថបិណ្ឌិកគហបតិ បាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ វេលានោះ អ្នកនិគមក្រុងរាជគ្រឹះ និយាយពាក្យនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា បពិត្រគហបតិ ឮថា អ្នកបាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយវត្ថុសម្រាប់ចាយវាយឯណា ម្នាលគហបតិ ខ្ញុំឲ្យវត្ថុសម្រាប់ចាយវាយនោះដល់អ្នក។
ID: 636799955499051299
ទៅកាន់ទំព័រ៖