ព្រះត្រៃបិដក ភាគ ១០

 [​៣៦៦​]​ ​សម័យ​នោះ​ឯង​ ​អនាថបិណ្ឌិក​គហបតិ​ ​ជា​បុគ្គល​មាន​មិត្ត​ច្រើន​ ​មាន​សម្លាញ់​ច្រើន​ ​មាន​វាចា​គួរឲ្យ​អ្នកផង​កាន់​យក​។​ ​ទើប​អនាថបិណ្ឌិក​គហបតិ​ពិចារណា​ ​នូវ​កិច្ច​ដែល​គួរ​ធ្វើ​នោះ​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​រួចហើយ​ក៏​ត្រឡប់​មក​ក្រុង​សាវត្ថី​វិញ​។​ ​លុះដល់​ពាក់កណ្តាល​ផ្លូវ​ ​អនាថបិណ្ឌិក​គហបតិ​ ​បង្គាប់​មនុស្ស​ទាំងឡាយ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ ​ចូរ​អ្នករាល់គ្នា​ធ្វើ​អារាម​ ​សាង​វិហារ​ ​ផ្តើម​ធ្វើ​នូវ​ទាន​ ​ឥឡូវនេះ​ ​ព្រះពុទ្ធ​ត្រាស់​ហើយ​ក្នុង​លោក​ ​ឯ​ព្រះអង្គ​នោះ​សោត​ ​ខ្ញុំ​ក៏បាន​និមន្ត​ហើយ​ ​ព្រះអង្គ​នឹង​ទ្រង់​ពុទ្ធដំណើរ​មក​តាមផ្លូវ​នេះ​។​ ​គ្រានោះ​ ​ពួក​មនុស្ស​ដែល​អនាថបិណ្ឌិក​គហបតិ​បញ្ជូន​ទៅ​នោះ​ ​ក៏បាន​ធ្វើ​អារាម​ ​សាង​វិហារ​ ​និង​ផ្តើម​ធ្វើ​នូវ​ទាន​។​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​ទៅដល់​ក្រុង​សាវត្ថី​ហើយ​ ​ក៏​គយគន់​មើល​ ​(​កន្លែង​)​ ​ក្នុង​ក្រុង​សាវត្ថី​គ្រប់​អន្លើ​ ​ដោយ​គិតថា​ ​ព្រះមានព្រះភាគ​ ​សមនឹង​គង់នៅ​ក្នុង​ទីណា​ហ្ន៎​ ​ទីណា​មិន​ជិត​ពេក​ ​មិន​ឆ្ងាយ​ពេក​ ​អំពី​ស្រុក​ ​ល្មមទៅ​ ​ល្មម​មក​បាន​ ​ល្មម​ពួក​មនុស្ស​ដែល​ត្រូវការ​ដោយ​ប្រយោជន៍​ ​ងាយ​នឹង​ទៅមក​ ​ជាទី​មិន​ច្រឡូកច្រឡំ​ក្នុង​វេលា​ថ្ងៃ​ ​មានសម្លេង​តិច​ ​ឥតមាន​សម្លេង​គឹកកង​ ​ជាទី​ប្រាសចាក​ខ្យល់បក់​មក​អំពី​សរីរៈ​ ​នៃ​ជន​គួរ​ជាទី​ធ្វើការ​សម្ងាត់​នៃ​មនុស្ស​ ​និង​ជាទី​គួរ​ដល់​វិវេក​ក្នុង​វេលា​យប់​។​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636799956395712585
ទៅកាន់ទំព័រ៖