ព្រះត្រៃបិដក ភាគ ១០
អនាថបិណ្ឌិកគហបតិ បានឃើញឱទ្យានរបស់រាជកុមារឈ្មោះជេត ជាទីមិនឆ្ងាយពេក មិនជិតពេក អំពីស្រុក ល្មមទៅមកបាន ល្មមពួកមនុស្ស ដែលត្រូវការដោយប្រយោជន៍ ងាយទៅមក មិនច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសម្លេងតិច ឥតមានសម្លេងគឹកកង ជាទីប្រាសចាកខ្យល់បក់មកអំពីសរីរៈ នៃមនុស្សគួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរដល់វិវេកក្នុងវេលាយប់ លុះឃើញហើយ ក៏ចូលទៅរកព្រះរាជកុមារឈ្មោះជេត លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះរាជកុមារឈ្មោះជេតថា បពិត្រព្រះអយ្យបុត្រ សូមព្រះអង្គប្រទានឱទ្យានមកខ្ញុំព្រះអង្គ ដើម្បីនឹងធ្វើអារាម។ ជេតរាជកុមារឆ្លើយថា ម្នាលគហបតិ អារាមខ្ញុំឲ្យ (អ្នកទទេ) មិនបានទេ លុះតែ (អ្នកឲ្យថ្លៃ) គឺក្រាលដោយកោដិនៃកហាបណៈ (ទើបឲ្យបាន)។ អនាថបិណ្ឌិកគហបតិឆ្លើយថា បពិត្រព្រះអយ្យបុត្រ អារាម ខ្ញុំព្រះអង្គមុខជានឹងយកហើយ។ ជេតរាជកុមារឆ្លើយថា ម្នាលគហបតិ អ្នកកុំអាលយកអារាម (ចាំយើងសួរពួកមហាមាត្រ អ្នកវិនិច្ឆ័យសេចក្តីសិន)។ ជេតរាជកុមារ និងអនាថបិណ្ឌិកគហបតិ ក៏សួរពួកមហាមាត្រ អ្នកវិនិច្ឆ័យសេចក្តីថា អារាម គួរឲ្យអនាថបិណ្ឌិកគហបតិយក ឬមិនឲ្យយកទេ។ ពួកមហាមាត្រពោលយ៉ាងនេះថា បពិត្រព្រះអយ្យបុត្រ ព្រះអង្គបានកាត់ថ្លៃអារាមចំនួនប៉ុន្មាន ក៏ឲ្យអនាថបិណ្ឌិកគហបតិទទួលយក ដោយថ្លៃប៉ុណ្ណោះចុះ។
ID: 636799956659517673
ទៅកាន់ទំព័រ៖