ព្រះត្រៃបិដក ភាគ ១០
ឲ្យចីវរ បិណ្ឌបាតសេនាសនៈ និងភេសជ្ជបរិក្ខារថ្នាំ ជាបច្ច័យសម្រាប់អ្នកជម្ងឺ ដល់ពួកសមណៈ ជាសក្យបុត្តិយ៍នេះ ពួកសមណសក្យបុត្តិយ៍នេះ ទូន្មានប្រៀនប្រដៅនូវជនទាំងឡាយផង រ៉ាប់រងនូវនវកម្មរបស់ជនទាំងនោះផង ចំណែកខាងអញ ជាមនុស្សកំសត់ គ្មានអ្នកណាមួយជួយទូន្មាន ប្រៀនប្រដៅ ឬរ៉ាប់រង នូវនវកម្មរបស់អញសោះឡើយ។ ពួកភិក្ខុ ក៏បានឮជាងជុលកំសត់នោះ ពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុ) ឲ្យនវកម្ម
(១) ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយនវកម្ម នឹងដល់នូវសេចក្តីខ្វល់ខ្វាយថា គិតដូចម្តេច នឹងឲ្យវិហារហើយឆាប់ នឹងជួសជុលនូវទីដែលបាក់បែកឡើងវិញបាន។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ មុនដម្បូង ត្រូវសង្ឃសូមភិក្ខុ។ លុះសូមហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ
(១) បើមានឧបាសក មានសទ្ធាធ្វើការងារថ្មី គឺសាងវិហារ កុដិជាដើម ប្រគេនសង្ឃ សង្ឃត្រូវចាត់ភិក្ខុដែលប៉ិនប្រសប់ណាមួយ ឲ្យជាអ្នកជួយរ៉ាប់រង ត្រួតត្រាការងារនោះ ដូចកាលនាងវិសាខាសាងបុព្វារាម ព្រះសម្មាសម្ពុទ្ធ ទ្រង់ចាត់ព្រះមោគ្គល្លាន ឲ្យជាអ្នកជួយត្រួតត្រាដូច្នោះ។
ID: 636799958081949032
ទៅកាន់ទំព័រ៖