ព្រះត្រៃបិដក ភាគ ១០
របស់ពួកយើង ទីនេះសម្រាប់ពួកយើង។ កាលនោះ ព្រះសារីបុត្តមានអាយុ ទៅអំពីខាងក្រោយៗសង្ឃ មានព្រះពុទ្ធជាប្រធាន កាលបើពួកអន្តេវាសិករបស់ពួកឆព្វគ្គិយភិក្ខុហួងហែងវិហារ ហួងហែងទីដេកហើយ លោក៏រកទីសំណឹងមិនបាន ទើបទៅគង់ទៀបគល់ឈើ១។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងពេលបច្ចូសសម័យនៃរាត្រី ហើយទ្រង់ក្អកគ្រហែម។ ព្រះសារីបុត្តមានអាយុ ក៏ក្អកគ្រហែមដែរ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នរណានៅក្នុងទីនុ៎ះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះសារីបុត្ត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ហេតុអ្វីក៏អ្នកមកអង្គុយក្នុងទីនេះ។ ឯព្រះសារីបុត្តមានអាយុ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
[៣៧១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុជាអន្តេវាសិក របស់ពួកឆព្វគ្គិយភិក្ខុ ដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងវិហារ ហួងហែងទីដំណេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសនោះ មិនសមបើនឹង ដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងវិហារ ហួងហែងទីដំណេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង
ID: 636799958732456239
ទៅកាន់ទំព័រ៖