ព្រះត្រៃបិដក ភាគ ១០
[៣៨៦] សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុ ជួសជុលវិហារធំមួយ ដែលមាននៅក្នុងទីបំផុតដែន ដោយគិតគ្នាថា ពួកយើងនឹងនៅចាំវស្សាក្នុងវិហារធំនេះ។ ពួកឆព្វគ្គិយភិក្ខុ បានឃើញពួកសត្តរសវគ្គិយភិក្ខុ កំពុងតែជួសជុលវិហារ លុះឃើញហើយ ក៏បានពោលពាក្យយ៉ាងនេះថា ម្នាលអាវុសោ ពួកសត្តរសវគ្គិយភិក្ខុទាំងនេះ កំពុងតែជួសជុលវិហារ បើដូច្នោះ ពួកយើងនឹងនាំគ្នាបណ្តេញភិក្ខុទាំងនោះ ឲ្យដើរចេញ ភិក្ខុពួកខ្លះពោលយ៉ាងនេះថា លោកទាំងឡាយ ចូរបង្អង់សិន ដ្បិតសត្តរសវគ្គិយភិក្ខុ កំពុងតែជួសជុល ចាំដល់លោកទាំងនោះ ជួសជុលរួចស្រេច សឹមយើងនាំគ្នាបណ្តេញឲ្យដើរចេញ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ ពោលពាក្យនេះ នឹងពួកសត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ លោកចូរក្រោកចេញ វិហារ (នេះ) ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ លោកទាំងឡាយ គួរប្រាប់មក ឲ្យប្រាកដជាមុន ពួកយើងនឹងនាំគ្នាជួសជុលវិហារឯទៀត។ ឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារ (នេះ) ជារបស់សង្ឃ មិនមែនឬ។ សត្តរសវគ្គិយភិក្ខុនិយាយតបថា ម្នាលលោកដ៏មានអាយុ អើ វិហារ (នេះ) ជារបស់សង្ឃមែន។ ឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ លោកត្រូវក្រោកចេញទៅ វិហារ (នេះ) ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារធំដែរ
ID: 636799965263379786
ទៅកាន់ទំព័រ៖