ព្រះត្រៃបិដក ភាគ ១០
លោកទាំងឡាយនៅក៏បាន យើងនៅក៏បាន។ ឆព្វគ្គិយភិក្ខុ ខឹង អាក់អន់ចិត្ត ហើយច្បាមត្រង់ក ទាញចេញដោយពាក្យថា ម្នាលអាវុសោ លោកទាំងឡាយ ចូរក្រោកដើរចេញ វិហារ ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុនោះ កាលបើឆព្វគ្គិយភិក្ខុទាញចេញ ក៏នាំគ្នាស្រែកយំ។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជាលោកយំ។ សត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុទាំងនេះ ខឹងអាក់អន់ចិត្ត ហើយចាប់ទាញពួកយើង ឲ្យចេញចាកវិហាររបស់សង្ឃ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុ មិនសមបើនឹងខឹង អាក់អន់ចិត្ត ហើយចាប់ទាញភិក្ខុទាំងឡាយ ឲ្យចេញចាកវិហារ ជារបស់សង្ឃសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយភិក្ខុ ខឹងអាក់អន់ចិត្ត ហើយចាប់កន្ត្រាក់ភិក្ខុទាំងឡាយ ឲ្យចេញចាកវិហារជារបស់សង្ឃ ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះមានព្រះភាគ ទ្រង់បន្ទោស ហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវខឹង អាក់អន់ចិត្ត ហើយចាប់កន្ត្រាក់ភិក្ខុទាំងឡាយ ឲ្យចេញចាកវិហារ ជារបស់សង្ឃទេ
ID: 636799965515884229
ទៅកាន់ទំព័រ៖