ព្រះត្រៃបិដក ភាគ ១០
បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសង្ឃនឹងសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាសេនាសនគ្គាហាបកៈ គួរដល់សង្ឃ ព្រោះហេតុដូច្នោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនុ៎ះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៣៨៩] គ្រានោះឯង ពួកភិក្ខុជាសេនាសនគ្គាហាបកៈ មានសេចក្តីត្រិះរិះដូច្នេះថា យើងគប្បីប្រគល់សេនាសនៈដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរាប់ភិក្ខុមុន លុះរាប់ភិក្ខុរួចហើយ ឲ្យរាប់ដំណេក លុះរាប់ដំណេករួចហើយ សឹមប្រគល់ឲ្យតាមកំណត់នៃដំណេក។ ភិក្ខុទាំងឡាយ ក៏ប្រគល់ឲ្យតាមកំណត់នៃដំណេក ដំណេក ក៏សល់នៅច្រើន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រគល់តាមកំណត់នៃវិហារ។ ភិក្ខុទាំងឡាយ ក៏ប្រគល់ឲ្យតាមកំណត់នៃវិហារ វិហារក៏សល់នៅច្រើន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យប្រគល់តាមកំណត់
ID: 636799966109938207
ទៅកាន់ទំព័រ៖