ព្រះត្រៃបិដក ភាគ ១០
[១៨] ម្នាលភិក្ខុទាំងឡាយ ការឲ្យអមូឡ្ហវិន័យនេះ ដែលមិនប្រកបដោយធម៌ មាន៣យ៉ាង ដែលប្រកបដោយធម៌ មាន៣យ៉ាង។ ការឲ្យអមូឡ្ហវិន័យ មិនប្រកបដោយធម៌ មាន៣យ៉ាង (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គលមួយរូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ ភិក្ខុនោះ កាលរលឹកឃើញ ក៏និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះ ខ្ញុំរលឹកមិនឃើញទេ។ សង្ឃឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យអមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។
[១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ កាលភិក្ខុនោះ រលឹកឃើញ ក៏និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំរលឹកឃើញដែរ តែដូចជាយល់សប្តិ។ សង្ឃឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យអមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។
ID: 636799788628706861
ទៅកាន់ទំព័រ៖