ព្រះត្រៃបិដក ភាគ ១០
នែមោឃបុរស អ្នកតែម្នាក់ឯង មិនសមបើនឹងហួងហែងសេនាសនៈ ដល់ទៅពីរកន្លែងទេ ម្នាលមោឃបុរស (បើ) អ្នកទទួលយកសេនាសនៈ ក្នុងទីនោះហើយ មានតែលែងទទួលយកក្នុងទីនេះ (បើ) អ្នកទទួលយកក្នុងទីនេះហើយ មានតែលែងទទួលយកក្នុងទីនោះ នែមោឃបុរស បើយ៉ាងហ្នឹង អ្នកចាត់ថា ជាមនុស្សខាងក្រៅ គឺថា មិនត្រូវបានសេនាសនៈក្នុងទីទាំងពីរខាងទេ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុម្នាក់ឯង មិនត្រូវហួងហែងសេនាសនៈពីរកន្លែងទេ ភិក្ខុណាហួងហែងទុក ត្រូវអាបត្តិទុក្កដ។
[៣៩៤] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់សំដែងវិនយកថា សំដែងគុណរបស់វិន័យ សំដែងគុណរបស់ការសិក្សាវិន័យ សំដែងគុណរបស់ព្រះថេរៈឈ្មោះឧបាលិដ៏មានអាយុរឿយៗ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយជាច្រើន។ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងវិនយកថា សំដែងគុណរបស់វិន័យ សំដែងគុណរបស់ការសិក្សាវិន័យ សំដែងគុណរបស់ព្រះថេរៈ ឈ្មោះឧបាលិដ៏មានអាយុរឿយៗ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយជាច្រើន ម្នាលអាវុសោ
ID: 636799967727780742
ទៅកាន់ទំព័រ៖