ព្រះត្រៃបិដក ភាគ ១០
[៣៩៨] សម័យនោះឯង ពួកភិក្ខុមានសេចក្តីសង្ស័យនឹងការអង្គុយលើអាសនៈវែងជាមួយនឹងភិក្ខុដែលមានអាសនៈមិនស្មើគ្នា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យអង្គុយលើអាសនៈវែងជាមួយនឹងភិក្ខុ ដែលមានអាសនៈមិនស្មើគ្នាបាន វៀរលែងតែមនុស្សខ្ទើយ មាតុគ្រាម និងមនុស្សមានភេទពីរ។
[៣៩៩] គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា អាសនៈវែង តើមានទីបំផុតត្រឹមណា។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអាសនៈវែង ដែលមានទីបំផុតល្មមភិក្ខុ៣រូប (អង្គុយបាន)។
[៤០០] សម័យនោះឯង នាងវិសាខា ជាមិគារមាតា ចង់ឲ្យជាងធ្វើបា្រសាទ ប្រកបដោយរបៀងឈ្មោះ ហត្ថិនខកៈ
(១) បំរុងប្រគេនព្រះសង្ឃ។ លំដាប់នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ បានទ្រង់អនុញ្ញាតការប្រើប្រាស់ប្រាសាទហើយឬ ៗមិនទាន់បានទ្រង់អនុញ្ញាតទេហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការប្រើប្រាស់ប្រាសាទគ្រប់យ៉ាងបាន។
(១) ប្រែថា ប្រាសាទ តាំងនៅលើពោងដំរី
ID: 636799968998593428
ទៅកាន់ទំព័រ៖