ព្រះត្រៃបិដក ភាគ ១០
ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យកាត់ជើងអាសនៈ ដែលកន្លងហួសប្រមាណ ហើយសឹមប្រើប្រាស់ ឲ្យទំលាយរូបសត្វសាហាវនៃគ្រែមានជើងវិចិត្រដោយរូបសត្វសាហាវ ហើយសឹមប្រើប្រាស់ ឲ្យកកាយកម្រាលដែលញាត់គ យកមកធ្វើជាខ្នើយ អាសនៈក្រៅអំពីនោះ យកមកធ្វើជាកម្រាលសម្រាប់ក្រាលលើផែនដីបាន។
[៤០២] សម័យនោះឯង ពួកអាវាសិកភិក្ខុ នៅក្នុងអាវាសជិតស្រុកតូច១ មិនឆ្ងាយពីក្រុងសាវត្ថី មានសេចក្តីលំបាកនឹងរៀបចំក្រាលសេនាសនៈបម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុរៀបដំណើរទៅ។ ភិក្ខុទាំងនោះ ក៏គិតគ្នាថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ពួកយើងលំបាកនឹងក្រាលសេនាសនៈបម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុរៀបដំណើរទៅ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើងនឹងប្រគល់សេនាសនៈទាំងអស់ ជារបស់សង្ឃ ទៅភិក្ខុមួយរូប ឯយើងរាល់គ្នា ចាំប្រើប្រាស់ទ្រព្យរបស់ ដោយសារភិក្ខុនោះវិញ។ ភិក្ខុទាំងនោះ ក៏បានប្រគល់សេនាសនៈទាំងអស់ ជារបស់សង្ឃ ទៅភិក្ខុមួយរូប។ ពួកអាគន្តុកភិក្ខុនិយាយពាក្យនេះ នឹងអាវាសិកភិក្ខុនោះថា ម្នាលអាវុសោ ចូរលោករៀបចំសេនាសនៈបម្រុងយើង។
ID: 636799969562115660
ទៅកាន់ទំព័រ៖