ព្រះត្រៃបិដក ភាគ ១០
[៤០៩] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយហាមឃាត់សេនាសនៈរបស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកវនកម្ម ហើយហាមឃាត់សេនាសនៈរបស់សង្ឃទេ ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុដែលធ្វើការនោះ) ទទួលយកទីដេកដ៏ប្រសើរ១ (បន្ទប់បាន)។
[៤១០] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្ម ដល់ភិក្ខុនៅក្នុងទីឥតសីមា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្ម ដល់ភិក្ខុនៅក្នុងទីឥតសីមាទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។
[៤១១] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម ហើយហាមឃាត់គ្រប់កាល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកនវកម្ម ហើយហាមឃាត់គ្រប់កាលទេ ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យហាមឃាត់ត្រឹម៣ខែ នៃវស្សានរដូវ (ប៉ុណ្ណោះ) មិនមែនហាមឃាត់គ្រប់កាលនៃរដូវទេ។
ID: 636799973793177663
ទៅកាន់ទំព័រ៖