ព្រះត្រៃបិដក ភាគ ១០
[៤១២] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្មហើយ ដើរចេញទៅខ្លះ សឹកខ្លះ ធ្វើមរណភាពខ្លះ ប្តេជ្ញាខ្លួនទៅជាសាមណេរខ្លះ ប្តេជ្ញាជាអ្នកលាសិក្ខាខ្លះ ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុខ្លះ ប្តេជ្ញាជាមនុស្សឆ្កួតខ្លះ ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយខ្លះ ប្តេជ្ញាជាអ្នកមានទុក្ខវេទនាគ្របសង្កត់ខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញខ្លះ ប្តេជ្ញាជាមនុស្សខ្ទើយខ្លះ ប្តេជ្ញាជាមនុស្សលួចសំវាសខ្លះ ប្តេជ្ញាជាមនុស្សស្ទុះទៅកាន់លទ្ធិតិរ្ថិយខ្លះ ប្តេជ្ញាជាសត្វតិរច្ឆានខ្លះ ប្តេជ្ញាជាអ្នកសម្លាប់មាតាខ្លះ ប្តេជ្ញាជាអ្នកសម្លាប់បិតាខ្លះ ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនីខ្លះ ប្តេជ្ញាជាអ្នកបំបែកសង្ឃខ្លះ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ប្តេជ្ញាជាអ្នកមានភេទពីរខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
ID: 636799974037201620
ទៅកាន់ទំព័រ៖