ព្រះត្រៃបិដក ភាគ ១០

 [​៤១៣​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទទួលយក​នវកម្ម​ហើយ​ ​ចៀរ​ចេញទៅ​។​ ​ត្រូវ​ភិក្ខុ​នោះ​ឲ្យ​ ​(​នវកម្ម​នោះ​)​ ​ដល់​ភិក្ខុ​ដទៃ​ ​ដោយ​គិតថា​ ​សូមកុំ​ឲ្យ​នវកម្ម​របស់​សង្ឃ​វិនាស​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទទួលយក​នវកម្ម​ ​ហើយ​សឹក​ចេញ​ ​ធ្វើ​មរណភាព​ ​ប្តេជ្ញា​ទៅជា​សាមណេរ​ ​ប្តេជ្ញា​ជា​អ្នក​លាសិក្ខា​ ​ប្តេជ្ញា​ជា​អ្នក​ត្រូវ​អន្តិមវត្ថុ​ ​ប្តេជ្ញា​ជា​មនុស្ស​ឆ្កួត​ ​ប្តេជ្ញា​ជា​អ្នកមាន​ចិត្ត​រវើរវាយ​ ​ប្តេជ្ញា​ជា​អ្នកមាន​ទុក្ខវេទនា​គ្រប​សង្កត់​ ​ប្តេជ្ញា​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ប្តេជ្ញា​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ ​ប្តេជ្ញា​ជា​អ្នក​ត្រូវ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ប្តេជ្ញា​ជា​មនុស្ស​ខ្ទើយ​ ​ប្តេជ្ញា​ជា​មនុស្ស​លួចសំវាស​ ​ប្តេជ្ញា​ជា​មនុស្ស​ស្ទុះ​ទៅកាន់​លទ្ធិ​តិរ្ថិយ​ ​ប្តេជ្ញា​ជា​សត្វតិរច្ឆាន​ ​ប្តេជ្ញា​ជា​អ្នកសម្លាប់​មាតា​ ​ប្តេជ្ញា​ជា​អ្នកសម្លាប់​បិតា​ ​ប្តេជ្ញា​ជា​អ្នកសម្លាប់​ព្រះអរហន្ត​ ​ប្តេជ្ញា​ជា​អ្នក​ប្រទូស្ត​ភិក្ខុនី​ ​ប្តេជ្ញា​ជា​អ្នក​បំបែក​សង្ឃ​ ​ប្តេជ្ញា​ជា​អ្នកធ្វើ​ព្រះ​លោហិត​ ​(​របស់​ព្រះសម្មាសម្ពុទ្ធ​)​ ​ឲ្យ​ពុរពង​ ​ប្តេជ្ញា​ជា​អ្នកមាន​ភេទ​ពីរ​។​ ​ត្រូវ​ភិក្ខុ​នោះ​ឲ្យ​ ​(​នវកម្ម​នោះ​)​ ​ដល់​ភិក្ខុ​ដទៃ​ ​ដោយ​គិតថា​ ​សូមកុំ​ឲ្យ​នវកម្ម​របស់​សង្ឃ​វិនាស​ឡើយ​។​
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 636799974335148662
ទៅកាន់ទំព័រ៖