ព្រះត្រៃបិដក ភាគ ១០

 [​៤២៧​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​មិនទាន់​លាង​ជើង​(​១​)​ ​ហើយ​ដើរ​ជាន់​សេនាសនៈ​។​ ​សេនាសនៈ​ក៏​ប្រឡាក់​អស់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឥត​លាង​ជើង​ ​មិន​ត្រូវ​ដើរ​ជាន់​សេនាសនៈ​ទេ​ ​ភិក្ខុ​ណា​ជាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៤២៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ដើរ​ជាន់​សេនាសនៈ​ទាំង​ជើង​ទទឹក​។​ ​សេនាសនៈ​ក៏​សើម​អស់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ដើរ​ជាន់​សេនាសនៈ​ទាំង​ជើង​ទទឹក​ទេ​ ​ភិក្ខុ​ណា​ជាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៤២៩​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ពាក់​ស្បែកជើង​ ​ដើរ​ជាន់​សេនាសនៈ​។​ ​សេនាសនៈ​ក៏​ប្រឡាក់​អស់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពាក់​ស្បែកជើង​ ​មិន​ត្រូវ​ដើរ​ជាន់​សេនាសនៈ​ទេ​ ​ភិក្ខុ​ណា​ជាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
​(​១​)​ ​បញ្ញត្តិ​នេះ​ ​ចំពោះ​យកជើង​មិន​ស្អាត​ជា​ប្រមាណ​ ​សូម្បី​ជើង​ដែល​បាន​លាង​ហើយ​ ​តែ​នៅ​មិនទាន់​ស្អាត​ ​ក៏​មិន​គួរ​ជាន់​សេនាសនៈ​ឡើយ​។​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636799976537354621
ទៅកាន់ទំព័រ៖