ព្រះត្រៃបិដក ភាគ ១០
បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៤៣] ភិក្ខុជាអប្បមត្តកវិស្សជ្ជកៈនោះ (បើមានភិក្ខុមកសូមម្ជុល) ត្រូវឲ្យម្ជុលមួយ (ម្តង)។ ត្រូវឲ្យកាំបិត។ ត្រូវឲ្យស្បែកជើង។ ត្រូវឲ្យវត្ថពន្ធចង្កេះ។ ត្រូវឲ្យយោគបាត្រ។ ត្រូវឲ្យសំពត់តម្រង់ទឹក។ ត្រូវឲ្យធម្មក្រក។ ត្រូវឲ្យសំពត់កុសិ (ខ្ទង់វែង)។ ត្រូវឲ្យសំពត់អឌ្ឍកុសិ (ខ្ទង់ខ្លី)។ ត្រូវឲ្យសំពត់មណ្ឌល (ផ្ទាំងធំ)។ ត្រូវឲ្យសំពត់អឌ្ឍមណ្ឌល (ផ្ទាំងតូច)។ ត្រូវឲ្យសំពត់អនុវាត។ ត្រូវឲ្យសំពត់សម្រាប់ថែម ឬសំពត់សម្រាប់ប៉ះ។ បើមានសប្បិក្តី ប្រេងក្តី ទឹកឃ្មុំក្តី ស្ករអំពៅក្តី (ភិក្ខុអ្នកចែកចាយបរិក្ខារនោះ) ត្រូវឲ្យដល់សង្ឃឆាន់ ក្នុងគ្រាម្តងៗ។ បើសង្ឃត្រូវការទៀត ត្រូវឲ្យទៀត។ បើសង្ឃត្រូវការម្តងទៀត ត្រូវឲ្យម្តងទៀត។
ID: 636799979140513513
ទៅកាន់ទំព័រ៖