ព្រះត្រៃបិដក ភាគ ១០
ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់ភិក្ខុទាំងឡាយ ដោយមិនតាមពាក្យប្តេជ្ញាទេ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។
[២៥] ម្នាលភិក្ខុទាំងឡាយ ការធ្វើតាមពាក្យប្តេជ្ញា មិនប្រកបដោយធម៌ យ៉ាងនេះ ការធ្វើតាមពាក្យប្តេជ្ញា ប្រកបដោយធម៌ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯការធ្វើតាមពាក្យប្តេជ្ញា ដែលមិនប្រកបដោយធម៌នោះ ដូចម្តេច។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកមានអាយុ ត្រូវអាបត្តិបារាជិកហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនត្រូវអាបត្តិបារាជិកទេ ត្រូវអាបត្តិសង្ឃាទិសេសទេតើ។ សង្ឃក៏ឲ្យភិក្ខុនោះធ្វើ (វុដ្ឋានវិធី) ដោយអាបត្តិសង្ឃាទិសេស។ ការធ្វើតាមពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិបារាជិក។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិបារាជិកហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនត្រូវអាបត្តិបារាជិកទេ ត្រូវអាបត្តិថុល្លច្ច័យទេតើ។ សង្ឃឲ្យភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិថុល្លច្ច័យ។
ID: 636799789960903058
ទៅកាន់ទំព័រ៖