ព្រះត្រៃបិដក ភាគ ១០
[៣០] សម័យនោះឯង ឧបវាឡភិក្ខុ កាលត្រូវគេសាកសួរដោយអាបត្តិក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដី ហើយទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃវិញ ពោលសម្បជានមុសាវាទ គឺពោលពាក្យកុហកដោយដឹងខ្លួន។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបវាឡភិក្ខុ កាលត្រូវគេសាកសួរ ដោយអាបត្តិក្នុងកណ្តាលជំនុំសង្ឃ មិនសមបើនឹងគេចកែសំដី ហើយបែរជាទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃពោលសម្បជានមុសាវាទសោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើតស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្មនោះ សង្ឃគប្បីធ្វើយ៉ាងនេះ។ មុនដម្បូង សង្ឃគប្បីចោទ ឧបវាឡភិក្ខុ លុះចោទហើយ គប្បីរំលឹក លុះរំលឹកហើយ គប្បីលើក
ID: 636799792234363093
ទៅកាន់ទំព័រ៖