ព្រះត្រៃបិដក ភាគ ១០
លោកមានអាយុអង្គនោះ ត្រូវនិយាយឡើង។ អាបត្តិទាំងឡាយនេះ យើងទាំងឡាយបានសំដែងហើយ ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត ការសំដែងនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៦] បណ្តាភិក្ខុ ដែលជាពួកជាមួយគ្នាដទៃទៀត ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃ ក្នុងវេលានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើយើងទាំងឡាយ ញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកដ៏មានអាយុទាំងនេះផង អាបត្តិរបស់ខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ
ID: 636799796601092855
ទៅកាន់ទំព័រ៖