ព្រះត្រៃបិដក ភាគ ១០
ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ដំណើរនោះ ពិតមែន។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អធិករណ៍ទាំងឡាយ៤នេះ គឺវិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។
[៤៩] បណ្តាអធិករណ៍៤យ៉ាងនោះ វិវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងសាសនានេះ ទាស់ទែងគ្នាថា នេះជាធម៌ ឬថា នេះមិនមែនជាធម៌ នេះជាវិន័យ ឬថា នេះមិនមែនជាវិន័យ នេះជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់សំដែងទុកមកហើយ ឬថា នេះជាពាក្យ ដែលព្រះតថាគត មិនបានទ្រង់ត្រាស់សំដែងទុកមកទេ នេះជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកហើយ ឬថា នេះជាកិច្ច ដែលព្រះតថាគត មិនបានទ្រង់ប្រព្រឹត្តសន្សំមកទេ នេះជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តទុកមកហើយ ឬថា នេះជាពាក្យ ដែលព្រះតថាគត មិនបានទ្រង់បញ្ញត្តទុកមកទេ នេះជាអាបត្តិ ឬថា នេះមិនមែនជាអាបត្តិ នេះជាអាបត្តិស្រាល ឬថា នេះជាអាបត្តិធ្ងន់ នេះជាអាបត្តិមានចំណែកសេសសល់ ឬថា នេះជាអាបត្តិ មិនមានចំណែកសេសសល់ នេះជាអាបត្តិអាក្រក់ ឬថា
ID: 636799797662543567
ទៅកាន់ទំព័រ៖