ព្រះត្រៃបិដក ភាគ ១០
[៨៥] បណ្តាអធិករណ៍ទាំងនោះ អាបត្តិ ដែលចាត់ជាអាបត្តាធិករណ៍ តើដូចម្តេច។ អាបត្តិទាំង៥កង ក៏ចាត់ជាអាបត្តាធិករណ៍ អាបត្តិទាំង៧កង ក៏ចាត់ជាអាបត្តាធិករណ៍ នេះហៅថា អាបត្តិ ដែលចាត់ជាអាបត្តាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អាបត្តិដែលមិនចាត់ជាអធិករណ៍ តើដូចម្តេច។ សោតាបត្តិ និងសមាបត្តិ នេះហៅថា អាបត្តិ តែមិនចាត់ជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលមិនចាត់ជាអាបត្តិ តើដូចម្តេច។ កិច្ចាធិករណ៍១ វិវាទាធិករណ៍១ អនុវាទាធិករណ៍១ នេះហៅថា អធិករណ៍ មិនមែនជាអាបត្តិ។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ជាអធិករណ៍ផង ជាអាបត្តិផង តើដូចម្តេច។ អាបត្តាធិករណ៍ ចាត់ជាអធិករណ៍ផង ជាអាបត្តិផង។
[៨៦] (សំដែងអំពី) កិច្ចចាត់ជាកិច្ចាធិករណ៍ កិច្ចមិនមែនជាអធិករណ៍ អធិករណ៍ មិនមែនជាកិច្ច ជាអធិករណ៍ផង កិច្ចផង។ កិច្ច ចាត់ជាកិច្ចាធិករណ៍ក៏មាន កិច្ច មិនមែនជាអធិករណ៍ក៏មាន អធិករណ៍ មិនមែនជាកិច្ចក៏មាន ជាអធិករណ៍ផង កិច្ចផងក៏មាន។
ID: 636799806121147371
ទៅកាន់ទំព័រ៖