ព្រះត្រៃបិដក ភាគ ១០
[៨៧] បណ្តាអធិករណ៍ទាំងនោះ កិច្ច ដែលចាត់ជាកិច្ចាធិករណ៍ តើដូចម្តេច។ កិច្ច ឬកម្មណា ដែលសង្ឃគប្បីធ្វើ គឺ អបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម ទាំងនេះ ហៅថា កិច្ចដែលចាត់ជាកិច្ចាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ កិច្ច ដែលមិនមែនជាអធិករណ៍ តើដូចម្តេច។ អាចរិយកិច្ច ឧបជ្ឈាយកិច្ច សមានុបជ្ឈាយកិច្ច សមានាចរិយកិច្ច ទាំងនេះហៅថា កិច្ច មិនមែនជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលមិនមែនជាកិច្ច តើដូចម្តេច។ វិវាទាធិករណ៍ អនុវាទាធិករណ៍ អាបត្តាធិករណ៍ នេះហៅថា អធិករណ៍ មិនមែនជាកិច្ច។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ជា អធិករណ៍ផង ជាកិច្ចផង តើដូចម្តេច។ កិច្ចាធិករណ៍ ចាត់ជាអធិករណ៍ផង ជាកិច្ចផង។
[៨៨] វិវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ វិវាទាធិករណ៍ រម្ងាប់ដោយសមថៈពីរយ៉ាងគឺ សម្មុខាវិន័យ១ យេភុយ្យសិកា១។ វិវាទាធិករណ៍ មិនអាស្រ័យសមថៈ១ គឺ យេភុយ្យសិកា គ្រាន់តែរម្ងាប់ដោយសមថៈតែ១ គឺសម្មុខាវិន័យក៏មាន។ ពាក្យដែលបណ្ឌិត គប្បីពោលថា ក៏មានដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា ម្នាលភិក្ខុទាំងឡាយ
ID: 636799806388932688
ទៅកាន់ទំព័រ៖