ព្រះត្រៃបិដក ភាគ ១០
[៥] សម័យនោះ ព្រះសម្មាសម្ពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះទព្វមល្លបុត្តដ៏មានអាយុ បានធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល តាំងអំពីកើតមកបាន៧ឆ្នាំ ថែមទាំងគុណជាតណាមួយ ដែល សាវ័កត្រូវដល់ គុណជាតនោះ លោកក៏បានដល់ ដោយលំដាប់សព្វគ្រប់ហើយ កិច្ចអ្វីមួយ ដែលលោកគប្បីធ្វើតទៅទៀត ឬការសន្សំនូវកិច្ចដែលធ្វើរួចហើយ ក៏មិនមានដល់លោក។
[៦] លំដាប់នោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ ទៅកាន់ទីស្ងាត់ សម្ងំនៅស្ងប់ស្ងៀមតែម្នាក់ឯង ហើយមានចិត្តត្រិះរិះកើតឡើង យ៉ាងនេះថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល តាំងពីកើតមកបាន៧ឆ្នាំ គុណជាតណានីមួយ ដែលសាវ័កត្រូវដល់ អាត្មាអញ ក៏បានដល់ នូវគុណជាតនោះ ដោយលំដាប់សព្វគ្រប់ហើយ មួយទៀត កិច្ចអ្វីមួយ ដែលអាត្មាអញ ត្រូវធ្វើតទៅទៀត ឬការសន្សំនូវកិច្ចដែលធ្វើរួចហើយ ក៏មិនមានដល់អាត្មាអញ (បើដូច្នោះ) គួរអាត្មាអញ ធ្វើការខ្វល់ខ្វាយបម្រើដល់សង្ឃដូចម្តេចហ្ន៎។ គ្រានោះ ព្រះទព្វមល្លបុត្តមានអាយុ បានត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ត្រូវរៀបចំសេនាសនៈផង ត្រូវចាត់ចែងចង្ហាន់ដល់សង្ឃផងចុះ។
ID: 636799781175660571
ទៅកាន់ទំព័រ៖