ព្រះត្រៃបិដក ភាគ ១០
ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ សលាកគ្គាហាបកភិក្ខុនោះ គប្បីឲ្យភិក្ខុទាំងឡាយចាប់ស្លាកចុះ។ (បើ) ភិក្ខុទាំងឡាយ ជាធម្មវាទី មានចំនួនច្រើនជាង ពោលឡើងយ៉ាងណា សង្ឃត្រូវរម្ងាប់អធិករណ៍នោះ យ៉ាងនោះចុះ ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងយេភុយ្យសិកា។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ) ក៏ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយ ដែលមាននៅក្នុងទីចំពោះមុខ ក៏មិនបានហាមឃាត់ នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខធម៌ និងការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ។ ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ភិក្ខុណា
ID: 636799810546970514
ទៅកាន់ទំព័រ៖