ព្រះត្រៃបិដក ភាគ ១០
វិន័យបិដក ចុល្លវគ្គ
ទុតិយភាគ
សមថក្ខន្ធកៈ ខុទ្ទកវត្ថុក្ខន្ធកៈ និងសេនាសនក្ខន្ធកៈ
សមថក្ខន្ធកៈ
[១] សម័យនោះ ព្រះសម្មាសម្ពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ តែងធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដែលមិនមានក្នុងទីចំពោះមុខ។ ភិក្ខុទាំងឡាយណា ជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដែលមិនមាន ក្នុងទីចំពោះមុខសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ តែងធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ
ID: 636799778029820639
ទៅកាន់ទំព័រ៖