ព្រះត្រៃបិដក ភាគ ១០
បានសន្មតព្រះទព្វមល្លបុត្តមានអាយុ ឲ្យជាសេនាសនប្បញ្ញាបកៈផង ឲ្យជាភត្តុទ្ទេសកៈផងហើយ ការសន្មតិនេះ គួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៩] ព្រះទព្វមល្លបុត្តដ៏មានអាយុ ដែលសង្ឃបានសន្មតរួចហើយ ក៏រៀបចំសេនាសនៈ ដើម្បីភិក្ខុទាំងឡាយ ដែលសុទ្ធតែជាសភាគៈនឹងគ្នា ក្នុងទីជាមួយគ្នា ពួកភិក្ខុណាជាអ្នករៀនព្រះសូត្រ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏រៀបចំសេនាសនៈ ដើម្បីពួកភិក្ខុនោះ ក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នាហាត់សមព្រះសូត្រ ពួកភិក្ខុណា ជាអ្នកទ្រទ្រង់វិន័យ ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីពួកភិក្ខុទាំងនោះ ក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នាវិនិច្ឆ័យវិន័យ ពួកភិក្ខុណា ជាធម្មកថិក ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីភិក្ខុទាំងនោះ ក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នាធ្វើសាកច្ឆាធម៌ ពួកភិក្ខុណា ជាអ្នកចំរើនឈាន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីភិក្ខុទាំងនោះ ក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងមិនបៀតបៀនគ្នាទៅវិញទៅមក ពួកភិក្ខុណា ជាអ្នកពោលនូវតិរច្ឆានកថា ច្រើនតែមានរាងកាយមាំមួន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីពួកភិក្ខុនោះ ក្នុងទីជាមួយគ្នា
ID: 636799781976196359
ទៅកាន់ទំព័រ៖