ព្រះត្រៃបិដក ភាគ ១០

ខុទ្ទក​វត្ថុ​ក្ខន្ធ​កៈ​


 [​១១១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​នាំគ្នា​ងូតទឹក​ ​ហើយ​ត្រដុស​កាយ​ ​ត្រង់​ភ្លៅ​ខ្លះ​ ​ដើមដៃ​ខ្លះ​ ​ទ្រូង​ខ្លះ​ ​ខ្នង​ខ្លះ​ ​នឹង​ដើមឈើ​។​ ​មនុស្ស​ទាំងឡាយ​ ​បានឃើញ​ហើយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​ ​មិនសមបើ​នឹង​មក​ងូតទឹក​ ​ត្រដុស​កាយ​ ​ត្រង់​ភ្លៅ​ខ្លះ​ ​ដើមដៃ​ខ្លះ​ ​ទ្រូង​ខ្លះ​ ​ខ្នង​ខ្លះ​ ​នឹង​ដើមឈើ​ ​ដូច​អ្នកប្រដាល់​ ​ឬដូច​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​ក្រុង​ ​ដែល​ជា​អ្នក​ខ្វល់ខ្វាយ​ ​នឹង​ការ​ប្រដាប់​កាយ​ ​ដូច្នេះ​សោះ​។​ ​ពួក​ភិក្ខុ​ ​បានឮ​មនុស្ស​ទាំងនោះ​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​។​បេ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​សួរ​បញ្ជាក់​ពួក​ភិក្ខុ​ ​ក្នុង​វេលា​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​នាំគ្នា​ងូតទឹក​ ​ត្រដុស​កាយ​ ​ត្រង់​ភ្លៅ​ខ្លះ​ ​ដើមដៃ​ខ្លះ​ ​ទ្រូង​ខ្លះ​ ​ខ្នង​ខ្លះ​ ​នឹង​ដើមឈើ​ ​ពិតមែន​ឬ​។​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636799836857635398
ទៅកាន់ទំព័រ៖