ព្រះត្រៃបិដក ភាគ ១០
កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។បេ។ វេលានោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពិតមែនឬ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះមានព្រះភាគ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុងូតទឹក មិនត្រូវត្រដុសកាយ នឹងសសរទេ ភិក្ខុណាត្រដុស ត្រូវអាបត្តិទុក្កដ។
[១១៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងជញ្ជាំង។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើនឹង មកងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងជញ្ជាំង ដូចអ្នកប្រដាល់ ឬដូចពួកមនុស្ស អ្នកនៅក្នុងក្រុង ដែលជាអ្នកខ្វល់ខ្វាយ នឹងការប្រដាប់កាយសោះ។បេ។ ព្រះមានបុណ្យ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុងូតទឹក មិនត្រូវត្រដុសកាយ នឹងជញ្ជាំងទេ ភិក្ខុណាត្រដុស ត្រូវអាបត្តិទុក្កដ។
ID: 636799837527903735
ទៅកាន់ទំព័រ៖