ព្រះត្រៃបិដក ភាគ ១០

 [​១៥១​]​ ​សម័យ​នោះ​ឯង​ ​មាន​បាត្រ​ជាច្រើន​ ​តែ​មិនទាន់​មាន​គ្រឿង​រង​ដំ​កល់​ ​ភិក្ខុ​ទុកដាក់​ក្នុង​ទីវាល​ស្រឡះ​។​ ​បាត្រ​ទាំងនោះ​ ​ក៏​រមៀល​បែក​ខូច​ទៅ​ ​ដោយ​ខ្យល់​កំបុតត្បូង​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​គ្រឿង​រង​ ​ដំ​កល់​បាត្រ​(​១​)​ ​។​
 [​១៥២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ដាក់បាត្រ​លើ​ទីបំផុត​ផែនក្តារ​តាំង​(​២​)​ ​។​ ​បាត្រ​ក៏​រមៀល​ ​ទង្គិច​បែក​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ដាក់បាត្រ​លើ​ទីបំផុត​ ​នៃ​ផែនក្តារ​តាំង​ទេ​ ​ភិក្ខុ​ណា​ដាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៥៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ដាក់បាត្រ​ក្នុង​ទីបំផុត​នៃ​ថ្នាក់​(​៣​)​ ​។​ ​បាត្រ​ក៏​រមៀល​ ​ធ្លាក់​បែក​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ដាក់បាត្រ​ក្នុង​ទីបំផុត​ ​នៃ​ថ្នាក់​ទេ​ ​ភិក្ខុ​ណា​ដាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
​(​១​)​ ​តាម​អដ្ឋកថា​ ​ថា​ ​គ្រឿង​រង​ដំ​កល់​បាត្រ​ ​ដែលគេ​ធ្វើ​ដោយ​ភ្លុក​ ​និង​វល្លិ៍​ ​និង​ផ្តៅ​ជាដើម​។​ ​វិមតិវិនោទនី​ដីកា​ ​ថា​ ​គ្រឿង​រង​ដំ​កល់​បាត្រ​ ​មាន​សណ្ឋាន​ដូចជា​កង​ ​ដែលគេ​ធ្វើ​ ​ដោយ​វត្ថុ​មាន​ភ្លុក​ជាដើម​ ​(​ឬ​នឹង​ហៅថា​ ​រង្វេល​ ​ថា​ទ្រនាប់​ ​ដូច្នេះ​វិញ​ក៏បាន​)​ ​។​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​ក្នុង​ទីបំផុត​ ​នៃ​ផែនក្តារ​តាំង​ ​ដែលគេ​ដំ​កល់​ទុក​ក្នុង​របៀង​ជាដើម​។​ ​។​ ​(​៣​)​ ​សារត្ថទីបនី​ដីកា​ ​ថា​ ​ផែនក្តារ​តាំង​ ​ដែល​ស្តើង​ ​គេ​ធ្វើឲ្យ​មាំ​ដល់​ជើង​ជញ្ជាំង​ខាងក្រៅ​នៃ​ផ្ទះ​ ​ហៅថា​ ​ថ្នាក់​ ​(​ក្តារបែន​)​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636799850146025450
ទៅកាន់ទំព័រ៖