ព្រះត្រៃបិដក ភាគ ១០
[១៨០] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងរាជគ្រឹះ តាមសមគួរ ដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់យាងទៅកាន់ចារិក ក្រុងវេសាលី។ សម័យនោះឯង ភិក្ខុទាំងឡាយ យកម្ជុលខ្លះ កាំបិតខ្លះ ភេសជ្ជៈខ្លះ ដាក់ក្នុងបាត្រ ដើរទៅ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថង់សម្រាប់ដាក់ភេសជ្ជៈ។ ខ្សែយោគ មិនទាន់មាននៅឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែយោគ និងខ្សែសម្រាប់ចង។
[១៨១] សម័យនោះឯង ភិក្ខុ១រូប ចងស្បែកជើងនឹងវត្ថពន្ធចង្កេះ ហើយចូលទៅបិណ្ឌបាតក្នុងស្រុក។ មានឧបាសកម្នាក់ ថ្វាយបង្គំភិក្ខុនោះ ក៏ទង្គិចក្បាលនឹងស្បែកជើង។ ភិក្ខុនោះ មានសេចក្តីអៀនខ្មាស។ ចំណែកខាងភិក្ខុនោះ ទៅកាន់អារាម ហើយក៏បានប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុ បានយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថង់សម្រាប់ដាក់ស្បែកជើង។ ខ្សែយោគ មិនទាន់មាននៅឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែយោគ និងខ្សែសម្រាប់ចង។
ID: 636799857717978541
ទៅកាន់ទំព័រ៖