ព្រះត្រៃបិដក ភាគ ១០
ទៅអារាម ក៏បានប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏និយាយថា ម្នាលអាវុសោ កាលគេសុំសំពត់តម្រងទឹក លោកមិនឲ្យគេ មែនឬ។ ភិក្ខុនោះឆ្លើយថា មែនហើយ អាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា កាលបើគេខ្ចីសំពត់តម្រងទឹក ភិក្ខុមិនសមបើ មិនឲ្យគេទេ។ លំដាប់នោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
[១៨៤] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ក្នុងវេលានោះ ហើយត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា គេខ្ចីសំពត់តម្រងទឹក អ្នកមិនឲ្យគេ ពិតមែនឬ។ ភិក្ខុនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អំពើរបស់អ្នក ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនត្រូវធ្វើ ម្នាលមោឃបុរស កាលបើគេខ្ចីសំពត់តម្រងទឹក អ្នកមិនសមបើនឹងមិនឲ្យគេទេ ម្នាលមោឃបុរស អំពើនេះ មិនមែននាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដើរទៅតាមផ្លូវឆ្ងាយ
ID: 636799858519684396
ទៅកាន់ទំព័រ៖