ព្រះត្រៃបិដក ភាគ ១០
ឮដំណឹងថា សង្ឃផ្កាប់បាត្រ ដល់អាត្មាអញហើយ អាត្មាអញ សង្ឃលែងរាប់អានហើយ ក៏ជ្រប់ដួល នៅក្នុងទីនោះឯង។ គ្រានោះ ពួកមិត្តអមាត្យ ញាតិសាលោហិត របស់វឌ្ឍលិច្ឆវិ ក៏បាននិយាយទៅនឹងវឌ្ឍលិច្ឆវិ យ៉ាងនេះថា ណ្ហើយ អាវុសោ វឌ្ឍៈ អ្នកកុំសោយសោក កុំខ្សឹកខ្សួលឡើយ យើងនឹងធ្វើព្រះមានព្រះភាគ និងព្រះសង្ឃ ឲ្យជ្រះថ្លាឡើងវិញ។ លំដាប់នោះ វឌ្ឍលិច្ឆវិ ព្រមទាំងបុត្រ ភរិយា មិត្តអមាត្យ និងញាតិសាលោហិត មានសំពត់ទទឹក មានសក់ទទឹក នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឱនសិរ្សៈ ទៀបព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ហើយពោលនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីឆ្គាំឆ្គង មានដល់ខ្ញុំព្រះអង្គហើយ តាមដោយខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះថាខ្ញុំព្រះអង្គ បានចោទលោកម្ចាស់ទព្វមល្លបុត្រ ដោយសីលវិបត្តិ មិនមានមូលហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់សេចក្តីឆ្គាំឆ្គង តាមដោយសេចក្តីឆ្គាំឆ្គងរបស់ខ្ញុំព្រះអង្គ ដើម្បីនឹងសម្រួមតទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអាវុសោវឌ្ឍៈ អើ សេចក្តីឆ្គាំឆ្គង មានដល់អ្នកហើយ តាមដោយអ្នក ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះថាអ្នកបានចោទទព្វមល្លបុត្រ ដោយសីលវិបត្តិ មិនមានមូលហើយ
ID: 636799869309461536
ទៅកាន់ទំព័រ៖